ជីវិតលើភ្នំសំណល់គឺជាបទដែលមានអត្ថន័យជ្រាលជ្រៅ និងក៍ជាចំណងជើងសំរាប់ អាល់ប៊ុមដំបូង ក្រុមចម្រៀង អិន.អេស ផងដែរ។ ដើម្បីឲ្យដឹងថាតើបទនេះមានអត្ថន័យ ក៍ដូចជាដើម្បីឆ្លុះបញ្ចាំងអំពីគំនិតអប់រំរបស់អ្នកនិពន្ធបទយ៉ាងដូចម្តេចនោះ ខ្ញុំ, បណ្ឌិត សូមលើកយកបទសម្ភាន៍ដែលបានធ្វើឡើងជាមួយលោកចន្ថា ដែលជាម្ចាស់ផលិកម្ម និងជាអ្នកដឹកនាំក្រុម អិន.អេស មកជូនលោកអ្នកស្វែង យល់ទាំងអស់គ្នា។

បណ្ឌិត ៖ ជាដំបូងខ្ញុំសុំឲ្យលោកណែនាំខ្លួនបន្តិច និងនិយាយអំពីបទពិសោធន៍មួយចំនួនរបស់លោកជាមួយវិស័យតន្រ្តីនេះ។
ចន្ថា ៖ បាទ សូមអរគុណ ខ្មុំឈ្មោះចន្ថាជាប្រធានក្រុមនិងជាម្ចាស់ផលិតកម្ម ញូសង ប្រូដាកសិននេះដែរ។ ខ្ញុំក៍ជាតន្រ្តីករមួយរូបដែលបានប្រឡូកក្នុងវិស័យនេះប្រហែលជា ៦-៧ ឆ្នាំមកហើយ។ ជំនាញរបស់ខ្ញុំគឺហ្គីតាសូឡូ។ មុននឹងបានឈានដូចសព្វថ្ងៃខ្ញុំបានតស៊ូមក ជាច្រើន ដំណាក់កាលតាំងពីការលេងតាមរោងការ ពិធីជប់លៀងផ្សេងៗ។ ប្រវិត្តតស៊ូរបស់ខ្ញុំបើ និយាយទៅវែងឆ្ងាយណាស់ តែដោយពេលវេលាខ្លីខ្ញុំសូមបញ្ចាក់តែប៉ុណ្ណឹង។ ក្រោយពីមាន បទពិសោធន៍ ច្រើនជាពិសេសខាងការងារស្ទូឌីយ៉ូជាមួយផលិតកម្មមួយចំនួនទៀតនោះ ម្យ៉ាងដោយមានចិត្តស្រលាញ់ការនិពន្ធថ្មីផង ខ្ញុំក៍មានគំនិតផ្តួចផ្តើមជាផលិកម្មនេះតែម្តង។



Mr. Chantha(left) and Me (right)

បណ្ឌិត ៖ បាទអរគុណសំរាប់ការរៀបរាប់ដ៍ក្បោះក្បាយ ។ បន្តទៅនេះខ្ញុំសូមសួរសំនួរដែលទាក់ទង​នឹងការនិពន្ធបទ​ចម្រៀងក្នុងអាល់ប៊ុមលើកដំបូងនេះវិញម្តង។ បទណាមួយដែលលោករើសជាបទ​ដំបូងគេសំរាប់ចេញនាំមុខក្នុងអាល់ប៊ុមនេះ?
ចន្ថា ៖ បាទគឺជាបទ “ជីវិតលើភ្នំណល់” ដែលជាបទនាំមុខក្នុងអាល់ប៊ុម ហើយក៍ជាចំណងជើង​សំរាប់អាល់ប៊ុមថ្មីនេះផងដែរ។

បណ្ឌិត៖ បទនេះជាស្នាដៃរបស់អ្នកនិពន្ធណាដែរ?
ចន្ថា ៖ តាមពិតទៅបទនេះជាស្នាដៃនិពន្ធរបស់មិត្តខ្ញុំដែលគាត់មានឈ្មោះថា​ឡុង ស៊ីថា (និពន្ធទំនុកច្រៀង), រិន​ ធារិទ្ធ (និពន្ធសាច់ភ្លេង) និងកែសំរួលបទភ្លេងដោយ ខ្ញុំ, ចន្ថា។ បទនេះផងដែរខ្ញុំបានសុំសិទ្ធអនុញ្ញាតិត្រឹមត្រូវពី​ម្ចាស់បទ ដែលមាន​ខ្ញុំជាអ្នកត្រួតពិនិត្យឡើង​វិញនូវប៉ារូល​ ព្រមទាំងសាច់ភ្លេងជាពិសេសគឺត្រង់ការដាក់បន្ថែមសូឡូ ដែលជាជំនាញរបស់ខ្ញុំ​ស្រាប់។ ក្រៅពីហ្នឹង​ក្នុងអាល់ប៊ុម​ថ្មីនេះនៅមានបទដែលជាស្នាដៃនិពន្ធ​ ទាំងសាច់ភ្លេងនិង​ប៉ារូលជាច្រើន​ទៀតរបស់ខ្ញុំ ក៍ដូចជារបស់អ្នកចម្រៀងវ័យក្មេងយើងដូចជា ណាម ជេមី និងវីន។

បណ្ឌិត៖ វាជាបទនិពន្ធថ្មីឬយ៉ាងណា?
ចន្ថា ៖ បាទប្រាកដណាស់ ខ្ញុំសូមបញ្ចាក់ថាផលិតកម្មយើង មានទិសដៅតែមួយគត់គឺធ្វើបទ​ដែលនិពន្ធថ្មីសុទ្ធសាធ មិនចំលងពីបរទេសណាឡើយ។

បណ្ឌិត៖ លោកយល់ឃើញដូចម្តចក្នុងការយកបទនេះជាបទចម្បងសំរាប់ការចេញអាល់ប៊ុមនេះ?

ចន្ថា ៖ ដោយហេតុថាបទនេះមានអត្ថន័យ ជ្រាលជ្រៅខ្លាំងណាស់ ទើបបានជាខ្ញុំយកបទនេះមក​ដាក់ក្នុង​អាល់ប៊ុមដំបូងនេះ។ មូលហេតុទាំងនោះគឺ ៖

ទីមួយខ្ញុំចង់ឲ្យខ្មែរយើងជួយឲ្យតម្លៃដល់ជនក្រីក្រជាពិសេសអ្នកបោស​សំរាម និងអ្នកដែល​រកស៊ីចិញ្ចឹមជីវិតដោយសំរាមនេះតែម្តង។ ព្រោះ ប្រជាជនយើងមួយចំនួនតូច មាន​ទំលាប់​ឲ្យតំលៃគ្នាតាមរយៈការមើលតែសំបកក្រៅ ពុំបានផ្តោតជ្រៅលើតំលៃ​ខាងក្នុងទេ។

ទីពីរខ្ញុំចង់នាំឲ្យមិត្តអ្នកស្តាប់​ទាំងអស់​បានស្តាប់និងស្គាល់នូវទុក្ខលំបាករបស់ពូក​គេជាពិសេសក្មេងៗរើសសំរាម។ គ្នាជាក្មេងដែលមានអាយុ​ សមនឹងត្រូវទទួលនូវការបីបាច់ ការសិក្សាដូចក្មេងទៀត តែជីវិតពួក​គេ​បែរជាមក​ប្រឡាក់ប្រឡូសជាមួយសំរាមស្អុយ​រលួយ ប្រកបដោយមេរោគទៅវិញ។តាមពិតទៅអ្នកទាំងនោះចង់​បានសិទ្ធសេរីភាព ការរៀនសូត្រ ថែរក្សា មិនមានការរើសអើង ពេបជ្រាយពីសំណាក់អ្នកដ៍ទៃដោយព្រោះតែ​មានមុខ​របរថ្នាក់​ទាបបែបនេះ ខ្លាំងណាស់។ ខ្ញុំធ្លាប់ឃើញជាច្រើនមកហើយមាន​ពេលខ្លះ​ត្រូវ​គេប្រមាថខ្លះរហូតដល់មានការ​វាយដំគ្នាទៀតផង។ ពួកគាត់ចង់សារស័ព្ទប្រាប់ទៅ​មនុស្សផង​ទាំងពួងអំពីទុក្ខលំបាកទាំងនេះ​ ប៉ុន្តែមិនដឹងជាធ្វើតាម​រយៈ​ណា។​​ដូច្នេះសូមឲ្យតាមរយៈបទ​របស់ អិន.អេស ធ្វើឲ្យប្រជាជន​ទាំងអស់យល់​ច្បាស់អំពីទុក្ខ​លំបាករបស់ពួកគាត់។

ហើយចុងក្រោយមួយទៀតខ្ញុំចង់ឲ្យពួកយើងដែលជាជនជាតិខ្មែរគ្រប់រូប ផ្តល់ក្តី​ស្រលាញ់ មិនរើសអើង ដល់ពួកគេទាំងនោះ ស្រលាញ់រាប់អានឲ្យស្មើភាពគ្នាក្នុងសង្គម។

បណ្ឌិត៖ អ្នកចម្រៀងណាខ្លះដែលបានច្រៀងបទក្នុងនេះ?
ចន្ថា៖ បទនេះអ្នកចម្រៀប្រចាំ អិន.អេសទាំងអស់ច្រៀងរួមគ្នា មានដូចជា ណាម ជេមី សុភ័ក្ត្រ វីន និងកញ្ញាភក្តី។

បណ្ឌិត៖ តើលោកយល់យ៉ាងណាចំពោះទឹកដមសំលេងរបស់តារាវ័យក្មេងទាំង ៥ដួងនេះ ដែលច្រៀងរួមគ្នាក្នុងបទ ជីវិតលើភ្នំសំណល់?
ចន្ថា៖ ពួកគេរួមសាមគ្គីគ្នាបានល្អណាស់ក្នុងបទនេះ។ សំលេងរបស់ពួកគេលើកដាក់ ទៅតាម​អារម្មណ៍ និងអត្ថន័យរបស់បទបានល្អ។ ពិតមែនតែពួកគេជាតារាចម្រៀងដ៍ថ្មីថ្មោងបំផុត តែទឹកដម​សម្លេងរបស់ពួកគេអាចដុសខាត់បាន។

បណ្ឌិត៖ នេះជាសំនួរចុងក្រោយសំរាប់ការសម្ភាសន៍យើងក្នុងថ្ងៃនេះ ពេលដែលចេញ វ៉ុលថ្មីនេះរួច ហើយបទជីវិតលើភ្នំសំណល់នេះបានល្បី បើសិនជាមានគេហៅក្រុម អិន.អេស ថាក្រុមសំរាមនោះ តើលោកនឹងគិតបែបណាវិញ??
ចន្ថា៖ (សើចទាំងហួសចិត្តជាមួយសំនួរបែបឡប់ៗរបស់លោកបណ្ឌិត) ប្រហែលជាខ្ញុំត្រេកអរ​ទៅវិញ ព្រោះអាចមកពីបទនេះទទួលការពេញនិយមខ្លាំងហើយ អ្នកស្តាប់ទាំងអស់នាំគ្នាផ្តល់ រហស្សនាមឲ្យបែបចម្លែកនេះ តែបើហៅក្នុងន័យអវិជ្ជមានវិញ ប្រហែលជាអាចមានមូលហេតុ​ដែលធ្វើឲ្យពួកគាត់ហៅយើងរបៀបនេះ។ បើសិនជាយើងបានធ្វើនូវចំនុចអវិជ្ជមានអ្វីមួយ យើងខ្ញុំ​សូមអភ័យទោស ហើយយើងខ្ញុំរងចាំទទួលដោយក្តីរីករាយនូវការរិះគន់ដើម្បី​ស្ថាបនា​​ នឹងព្យាយាមកែប្រែចំនុចទាំងនោះយ៉ាងណាក៍ខ្ញុំនៅតែមានជំនឿយ៉ាងមុតមាំថាខ្មែរគ្នាងគង់តែ​ទឹកចិត្តចេះ ស្រលាញ់គ្នា ស្រលាញ់ជាតិសាសន៍ង ព្រមទាំងចេះជួយលើកដំកើងវប្បធម៌ជាតិខ្មែរ​បានឲ្យបានរុងរឿង។

Mr. Chantha and Me (in the right hand)

បណ្ឌិត៖ បានសូមអរគុណ ខ្ញុំក៍មានជំនឿដូចលោកអញ្ចឹងដែរ តើលោកមានអ្វីផ្តែផ្តាំ​បន្ថែមដែរឬទេ?
ច័ន្ទថា៖ សូមអរគុណនូវការធ្វើបទសម្ភាសន៍នេះ ជាចុងក្រោយខ្ញុំសំណូមពរឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់គាំទ្រ​នូវអាល់ប៊ុមថ្មីរបស់យើងនេះ។ ហើយខ្ញុំក៍សំណូមពរដោយទទូច សូមឲ្យអ្នកទាំងអស់គ្នាជួយគាំទ្រសិល្ប ៈ ខ្មែរ​យើងឲ្យកាន់តែខ្លាំងក្លាជាងនេះ ហើយសូមជួយគាំទ្រ​យើងខ្ញុំតាមរយៈ ការជាវស៊ីឌីដើម (អូរីជីណល) សូមកុំជាវស៊ីឌីលួចចំលងទាំងនោះ ព្រោះក្រៅពីការបន្ទាបតំលៃសិល្បៈ ខ្មែរ ការជាវស៊ីឌីថតចំលងខុស​ច្បាប់ នឹងធ្វើឲ្យសិល្បករ​យើងអស់ទឹកចិត្តក្នុងការប្រឹងប្រែងដើម្បី ការបំរើដល់អារម្មណ៍របស់អ្នកស្តាប់ទាំងអស់ទៀតផង។